E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតវិធីបង្រៀនបែបឆ្លាតវៃ

On July 25th, 2016, LAREIN PEANICH Newspaper has published an article about e-Learning Center of ITC after interviewing Mr. Hean Samboeun, Director of e-Learning Center of ITC. The article is written in Khmer Language with the topic "E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតវិធីបង្រៀនបែបឆ្លាតវៃ ទៅកាន់ឧត្តមសិក្សាកម្ពុជា", which means "E-learning Center of ITC brings an innovative Teaching Methodology for Higher Education in Cambodia"


For the full article in Khmer, please Click here

8428871864481801149-account_id=2

 

7810818084854145563-account_id=2

 

Quoted from LAREIN PEANICH Newspaper 

Topic: E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតវិធីបង្រៀនបែបឆ្លាតវៃ

 

ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ ការប្រែប្រួល​នៃ​ប្រព័ន្ធ​អប់រំ​ចាប់ផ្តើម​រីកលូតលាស់ និង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទៅលើ​បរិក្ខារ​អេឡិចត្រូនិក ប៉ុន្តែ​ទន្ទឹមនឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោកបាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​នៃ​ការអប់រំ កម្ពុជា​ក៏បាន​បង្កើតជា​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ (E-learning Center) ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការជួយ​រួម​ចំណែ​កលើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា​តាម​បណ្តាញ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ផងដែរ។ ដើម្បី​ស្វែងយល់បាន កាន់តែច្បាស់​លើ មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នោះ អ្នកសារព័ត៌មាន​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ​លោកគ្រូ ហ៊ាន សំ​បឿន ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែលមាន​អត្ថន័យ​ដូចខាងក្រោម​នេះ៖

 តើ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ (E-learning Center) ត្រូវបាន​ផ្តួចផ្តើម​បង្កើត​ដោយ​ស្ថាប័នណាខ្លះ? 

មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចប្រជុំ​អាស៊ាន​បូក​ជាមួយនឹង​កូរ៉េ​នៅ​ឆ្នាំ 2009។ក្នុងពេលនោះ​មេដឹកនាំ​អាស៊ាន​ទាំងអស់​បានស្នើ​សុំឱ្យ​រដ្ឋា​ភិ​បាល​កូរ៉េ ជួយ​ចែករំលែក​នូវបទពិសោធន៍​របស់ខ្លួន​ដែលមាន​ស្រាប់​ពាក់ព័ន្ធ​នឹង E-learning មកដល់​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្លាស់ប្តូរ​ការសិក្សា​រវាង​គ្នា​នឹង​គ្នា និង ចែករំលែក​ធនធាន​សិក្សា ព្រមទាំង​ការស្រាវជ្រាវ​រួមគ្នា​តាមបែប​បច្ចេកវិទ្យា​នេះ​ឡើង។

ខណៈ​ក្រោយពី​មាន​កិច្ច​ព្រមព្រៀងគ្នា នៅ​ឆ្នាំ 2012 តាម​ការចង្អុលបង្ហាញ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា​នៅ​កម្ពុជា ក៏មាន​ក្រុម​អ្នកជំនាញ E-learning របស់​កម្ពុជា​ក៏បាន​ចាប់​ជ្រើសរើស​វិទ្យាស្ថាន​បច្ចេកវិទ្យា​ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ (E-learning Center) មុនគេ​យកមក​បន្ត​ដល់​ការចែករំលែក​ពី​វិធី​សិក្សា​រួមគ្នា​នៅ​កម្ពុជា។

                                                    លោកគ្រូ ហ៊ាន សំបឿន

គម្រោង​នៃ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​នេះ​មាន​លក្ខណៈ​ដូចម្តេចខ្លះ?

គម្រោង​នៃ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​គឺ​ត្រូវបាន​បែង​ចែកចេញជា​ដំណាក់កាល​ច្រើនផ្សេងៗគ្នា ដោយ​ក្នុងនោះ​ចាប់ពី​ចន្លោះ​ឆ្នាំ 2011 មកដល់ ឆ្នាំ 2015 គឺជា​រយៈពេល​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​បាន​ដំឡើង​សម្ភារ​រូបវន្ត​មួយចំនួន​បង្កើតជា​មេរៀន​តាម​អន​ឡាញ (Online Lesson) ហើយ ត្រូវ​អនុវត្តន៍​សាកល្បង (Pilot Test) ដើម្បី​ចង់ដឹងថា គំរូ​នៃ E-learning នេះ​អាច​ដំណើរការ​ទៅបាន​ដែរឬទេ​នៅក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា​នេះ។ ការចាប់ផ្តើម ដំបូង​នោះ​យើង​បាន​សាកល្បង​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ទេពកោសល្យ​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​មុនគេ ដោយសារ​សាស្ត្រាចារ្យ​និង​និស្សិត​លើ​ជំនាញ​នេះ​ស្និទ្ធ​ជាមួយ​នឹង​បច្ចេកវិទ្យា​នេះ​ស្រាប់។

ចំណែក​ដំណាក់កាល​នៃ​ការអនុវត្ត​វិញ​គឺ​យើង​ធ្វើការ​ផ្លាស់ប្តូរ​ពី​ការសិក្សា​បែប​ថ្នាក់រៀន​តាមបែប​ប្រពៃណី (Traditional Classroom) ទៅជា​ថ្នាក់រៀន បែប​ឆ្លាត​វៃ (Flip Classroom) វិញ​ម្តង ដោយ​យើង​បានធ្វើការ​ផ្លាស់ប្តូរ​ពី​ទម្លាប់​ចាស់​ពី​គ្រូបង្រៀន​នៅក្នុង​សាលា​មក​ធ្វើការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ទុកពេល​ឱ្យ​និស្សិត​មក​ពិភាក្សា​នៅ​ថ្នាក់រៀន​និង​បង្កលក្ខណៈ​ឱ្យ​និស្សិត​មាន​ពេល​អនុវត្តន៍​ច្រើនជាង​ការរៀន​តាមបែប​ធម្មតា​វិញ។

ក្នុង​ថ្នាក់ E-learning មាន​លក្ខណៈពិសេស​រចនា មួយ​តាមបែប​គរុកោសល្យ និង​មានដំណើរ​ការច្បាស់លាស់​ពី​កម្មវិធី​បង្រៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់។ដោយ​យើង​បាន​រចនា​ចាប់ផ្តើម​ពី​ការណែនាំ​និស្សិត​ឱ្យ​ស្គាល់​នូវ​មេរៀន គោលបំណង​នៃ​មេរៀន ហើយ​មានការ​ធ្វើតេស្ត​សាកល្បង មុននឹង​ចូល​មេរៀន សំខាន់​ថែមទៀត​ផង ដល់ពេល​បញ្ចប់​មេរៀននីមួយៗហើយ​នោះ​គ្រួ​ត្រូវដាក់​លំ​ហាត់​អនុវត្តន៍​ជាក់ស្តែង​សាកល្បង​សមត្ថភាព​និស្សិត​មុននឹង​ប្រឡង។

ការសិក្សា​នៅតាម​បណ្តាញ​អន​ឡាញ អាចធ្វើឱ្យ និស្សិត​ចំណេញ​ពេល ហើយ​មានលទ្ធភាព​ស្រាវជ្រាវ​បាន​យ៉ាង​ទូលំទូលាយ។ លើសពីនេះទៅទៀត​និស្សិត​ក៏​អាច​ពិភាក្សាគ្នា​បាន​ច្រើន និង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​សាស្ត្រាចារ្យ​បាន​យ៉ាង​ឆាប់រហ័ស​នូវ​រាល់​ចម្ងល់​ដែល​ពិបាក​ក្នុង​ថ្នាក់​អន​ឡាញ​របស់គាត់​ទៀតផង។

តើ​និស្សិត​អាច​ទទួល​ចម្លើយ​បាន​បែបណា​ក្នុងការ​សិក្សា​តាម​អន​ឡាញ? ហើយ​ការពិភាក្សា​វិញ​តើ​គេ​បាន​ពិភាក្សា​បែបណាខ្លះ?

ក្នុង​មេរៀន​តាមបែប E-learning ត្រូវមាន​ក្រុម​ពិភាក្សា​មួយ​ដែលមាន​ការពិភាក្សា​រវាង និស្សិត នឹង​និស្សិត និង​និស្សិត​ជាមួយនឹង​សាស្ត្រាចារ្យ។ នៅក្នុង​អន​ឡាញ មានកម្ម​វិធី (Tool) ដែល​អាចឱ្យ និស្សិត អាច​ពិភាក្សា និង​ចែករំលែក​នូវ​ការ​សម្រប សម្រួល និង​គ្រប់គ្រង​ដោយ​មនុស្ស 3 ប្រភេទ​គឺ​គ្រូ​ទទួលបន្ទុក​លើ​មុខវិជ្ជានីមួយៗ ជា​អ្នកជំនួយការ បង្រៀន និង​ជំនួយការ​លើ​បច្ចេកទេស​ដល់​និស្សិត​របស់ខ្លួន។ដោយ​ក្នុង​ដំណើរការ​មួយ​នេះ​គឺមាន​មនុស្ស​ចូលរួម​ជួយ​រហូតដល់​ទៅ៣កម្រិត​ដើម្បី​ធ្វើឱ្យ​ការឆ្លើយ​សំណួរ​មាន​លក្ខណៈ​ឆាប់រហ័ស។

តើ​មុខវិជ្ជា​អ្វីខ្លះ​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ E-learning នេះ?

ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​យើង​បានដាក់​បញ្ចូល​មុខវិជ្ជា​ស្ទើរតែ​គ្រប់​ជំនាញ​ទៅលើ E-learning ដោយ​ក្នុងនោះ​មានដូចជា មុខវិជ្ជា​ព័ត៌មានវិទ្យា អគ្គិសនី ទូរគមនាគមន៍ ឧស្សាហកម្ម មេកា​និក គីមីបច្ចេកវិទ្យា​អាហារ និង​សំណង់​ស៊ីវិល។ នៅ​ឆ្នាំ2016 នេះ​យើង​នឹងដាក់​បញ្ចូល​បន្ថែម​នូវ​មុខវិជ្ជាសំខាន់ៗមួយចំនួនទៀត​ដូចជា​ធនធាន​រ៉ែ និង​ការអភិវឌ្ឍ​ជនបទ​ជាដើម។

រហូតមកដល់​ពេលនេះ​តើ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​បាន​សហការ​ជាមួយនឹង​សាកល​វិទ្យាល័យ​ណាខ្លះ​ដើម្បី​បញ្ចូល​កម្មវិធី E-learning ទៅក្នុង​កម្មវិធីសិក្សា​នេះ?

ចាប់តាំងពី​ឆ្នាំ 2016 តទៅ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​ឈានដល់​ដំណាក់កាល​ទី2 នៃ​ដំណើរការ​អភិវឌ្ឍ​វិស័យ​កម្មវិធីសិក្សា​នៅ​កម្ពុជា។ យើង​មាន​ទិសដៅ​ពង្រីក​ដៃគូ​ទៅកាន់​សាកលវិទ្យាល័យល្បីៗមួយចំនួន​នៅ​កម្ពុជា ហើយ​នៅពេលនេះ​យើង​ទទួលបាន​ការឆ្លើយតប​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​ចុះ​អនុស្សារណៈ​ព្រមព្រៀងគ្នា (MOA) ក្នុងការ​ផ្លាស់ប្តូរ​មេរៀន​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ពង្រីក​ធនធានមនុស្ស​នៃ​សុខាភិបាល និង​ផ្តល់ជំនួយ​បច្ចេកទេស។

                                         បុគ្គលិក​​​​​​​​​នៅក្នុង​ស្ទូ​ឌីយោនៃ​មជ្ឈមណ្ឌល​សិក្សាពីចម្ងាយ

តើ​កម្មវិធី E-learning អាច​នឹង​ពង្រីក​វិសាលភាព​ដើម្បី​បង្កើត​មេរៀន​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​បាន ដែរ ឬទេ?

យើង​បើកទូលាយ​ជាមួយនឹង​គ្រប់​វិស័យ​ទាំងអស់​នៅ​កម្ពុជា ហើយ​យើង​ក៏​រីករាយ​ក្នុងការ​សហការ​គ្រប់​សាកលវិទ្យាល័យ ព្រោះ​គំនិត​របស់​យើង គឺ​យើង​មិនមែនជា​មនុស្ស​ពូកែ​គ្រប់​ជំនាញ​នោះទេ។ យើង​ពូកែ​ខាង​វិស្វកម្ម សាលា​ពេទ្យ​ពូកែ​ខាង​ជំនាញ​វេជ្ជសាស្ត្រ សាលា​ច្បាប់​គាត់​ពូកែ​ខាង​នីតិសាស្ត្រ សាលាផ្សេងៗទៀត​មាន​លក្ខណៈពិសេស​របស់​គេរៀងៗខ្លួន​ដែរ។ ហេតុនេះ​យើង​ត្រូវ​បើក​ឱ្យ​ទូលំទូលាយ​ក្នុងការ​សហការគ្នា​ផលិត​មេរៀន​តាមបែប​អន​ឡាញ ជាមួយនឹង​សាកលវិទ្យាល័យ​ណា​ដែល​គាត់​គិតថា​គាត់​ជំនាញ​ជាងគេ ហើយ​ដាក់ឱ្យ​ដំណើរការ​តាមបែប E-learning ក្រោម​ជំនួយ​ធនធានមនុស្ស ជំនួយ​បរិក្ខារ និង​បច្ចេកទេស​មួយចំនួន​ពី មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ប្រសិនបើ​និស្សិត​នៅ​កម្ពុជា​គាត់​ចង់​ស្រាវជ្រាវ​មេរៀន​ក្នុង​កម្មវិធី E-learning តើ​គាត់​ត្រូវធ្វើ​បែបណាខ្លះ?

សព្វថ្ងៃ​យើង​មាន​គេហទំព័រ aseancu.org ដែល ជា​ទំព័រ​កំពុង​ប្រើប្រាស់​ផ្នែក E-learning នៅ​ប្រទេស ចំនួន 5 គឺ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ដើម្បី​ចែករំលែក​មេរៀន​គ្នា​ទៅវិញ​ទៅមក។ ចំណែកឯ​គេហទំព័រ​នៅក្នុង​គេហទំព័រ​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​វិញ​គឺ​យើង​មាន elearning.itc.edu.kh:1000 ក្នុងនោះ​គឺ​យើង​អនុញ្ញាតឱ្យ​បើក​មើល​បានតែ​ចំពោះ​និស្សិត​នៃ​សាកលវិទ្យាល័យ​ណា​ដែល​បាន​ប្រើប្រាស់​កម្មវិធី E-learning ប៉ុណ្ណោះ ព្រោះ​យើង​មិនទាន់​អាច​បើក​ឱ្យ​ទូលាយ​បាន​នៅឡើយ​ទេ​ដោយសារ​បញ្ហា​រក្សា​កម្មសិទ្ធិ​បញ្ញា​ដែល​គ្រូ​នៃ​សាលានីមួយៗបាន​ផលិតឡើង ប៉ុន្តែ​យើង​នឹង​បើកទូលាយ​សម្រាប់​សាកលវិទ្យាល័យ​ណា​ដែល​បាន​ចុះ​អនុស្សារណៈ​ព្រមព្រៀងគ្នា ដោយ​ឱ្យ​និស្សិតម្នាក់ៗមាន​គណនី (User Account) សម្រាប់​ប្រើប្រាស់ ផ្ទាល់ខ្លួន។

ក្នុងពេល​បច្ចុប្បន្ននេះ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កំពុងតែ​បើក​ឱ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដ្ឋ និង​ឯកជន​អាច​ចាប់​ដៃគូ​បង្កើត​កម្មវិធី​ដើម្បី​បង្រៀន។ គ្រឹះស្ថានសិក្សា​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​នេះ​អាច​ទទួលបាន​គំរូ​នៃ​មេរៀន​យើង​ធ្វើ​តាំងពី​ឆ្នាំ2012 រហូតមកដល់​ពេលបច្ចុប្បន្ន នេះ។ គាត់​អាច​សាកល្បង​គំរូ​អន​ឡាញ​ដោយ​មិន ចាំបាច់​ចំណាយធនធាន​អ្វី​ទាំងអស់ ហើយ​គាត់​អាច​ទទួលបាន​គំរូ​នៃ​ការបង្រៀន​ក្រោម​ជំនួយ​សហប្រតិបត្តិការ​ពី​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ។ យើង​នឹង​ជួយ​បង្រៀន​ពួកគាត់​ពី​ប្រតិបត្តិការ​ដើម្បីឱ្យ​បានទទួល​ជោគជ័យ​និង​អាច​សាកល្បង​ផលិត​មេរៀន​ដោយ​ខ្លួនឯង​ផ្ទាល់​បាន​ទៀតផង៕