វគ្គបណ្តុះបណ្តាលមួយ ស្តីពី “Online Course Development Training”
(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំ វគ្គបណ្តុះបណ្តាលមួយ ស្តីពី “Online Course Development Training”។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកអគ្គនាយករង ភុល នរិទ្ធ ។
វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើក្រសួងនិងសាកលវិទ្យាល័យមួយចំនួន ដូចជា៖ CamASEAN, MCU, MoEYS, PIC, PPIU, PLNCA, UBB, UHS។ លោក ឡាយ ហេង ព្រឹទ្ធបុរសរងមហាវិទ្យាល័យបច្ចេកទេសអគ្គិសនី បានរំលឹកថា៖ “នេះគឺកម្មវិធីមួយដែលមានគោលដៅពង្រឹងធនធានមនុស្សផ្នែក E-learning Course នៅក្នុងប្រទេសកម្ពុជា” និងបានបញ្ជាក់បន្ថែមថា៖ “សំរាប់ពេលនេះយើងអាចស្រូបយកអ្នកចូលរួម ចំនួន៣៩នាក់ ពីស្ថាប័នខាងលើ។ រីឯរយៈពេលនៃការបណ្តុះបណ្តាលគឺ១ថ្ងៃកន្លះ”។
បន្ទាប់ទៀតលោកនាយករង បានជម្រាបដល់សិក្ខាកាមថា សាលាតិចណូមិនត្រឹមតែបើកវគ្គនេះទេ តែមានកម្មវិធីបណ្តុះបណ្តាលជាច្រើនផ្សេងទៀត ដើមី្បចូលរួមពង្រឹងគុណភាពធនធានមនុស្សផ្នែកវិស្វកម្មនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការបើកថ្នាក់ម៉ាស័្ទរ នៃការផ្គត់ផ្គង់និងអនាម័យទឹក ក្រោមជំនួយរបស់ “ភ្នាក់ងារបារាំងដើមី្បការអភិវឌ្ឍ”។ ចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះយើងផ្តល់អាហារូបករណ៍ចំនួន១០ដល់ក្រសួង មន្ទីរ សាកលវិទ្យាល័យ ក្នុងកំរិតជាតិដែលចង់លើកកំរិតជំនាញខាងលើឲ្យកាន់តែប្រសើរ។
នៅទីបញ្ចប់លោកអគ្គនាយករង ក្នុងនាមឯកឧត្តមអគ្គនាយក បានជូនពរដល់សិក្ខាកាមទាំងអស់ សូមអោយទទួលបានជោគជ័យក្នុងវគ្គបណ្តុះបណ្តាលនេះ។