(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពីដំណើរការផលិតមេរៀនលើកទី២ មានបណ្តាលសាកលវិទ្យាល័យចំនួន១៦ចូលរួម
(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការផលិតមេរៀន និងដំណើរការនៃការអនុវត្តប្រព័ន្ធ លើកទី២នៅក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងគុណភាពការផលិតមេរៀនឲ្យកាន់តែងាយស្រួលរៀននិងបង្រៀនតាមប្រព័ន្ធសិក្សា Learning Management System (LMS) បច្ចុប្បន្នយើងមានបណ្តាលសាកលវិទ្យាល័យ ចំនួន១៦ ដែលបានចូលនិងត្រៀមចូលជាសមាជិក ប.ស.ស.ក។ កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺការរៀបចំការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល សម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹង ផលិតមេរៀនដាក់ឲ្យដំណើរការនៅលើប្រព័ន្ធឌីជីថល។
សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការលើកដំបូងបង្អស់នូវ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network នៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលលើវគ្គសិក្សា និងមុខវិជ្ជា ឬមុខជំនាញនៃកម្មវិធីសិក្សានិមួយៗដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា។